X

Cambo-China

· 05-24

កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរណ៍ចិនមកលេងកម្ពុជាកើនឡើងទ្វេរដងតាមរយៈ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»

#ប្រទេសកម្ពុជា# #ប្រទេស​ចិន# #ប្រតិបត្តិករទេសចរណ៍# #សង្គម# #ភ្ញៀវទេសចរណ៍# #ព័ត៌មានសង្គម# #CAMBO-CHINA#

2417

វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជានៅ មុនវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើងរហូតដល់ ២,៤ លាននាក់ នៅឆ្នាំ២០១៩ ដែលបានរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា ការ បង្កើតការងារ ការបង្កើតនូវប្រភពនៃប្រាក់ចំណូលដល់ប្រតិបត្តិករទេសចរណ៍កម្ពុជា និងវិស័យពាក់ព័ន្ធជាច្រើនទៀត។

ដោយឡែក កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួន ប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥%។ សម្រាប់រយៈពេលបួនខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៤ លាននាក់ កើនឡើងជិត ១៤% ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជាង ៣៨ ម៉ឺននាក់ កើន ឡើងជិត ៤៩% ។

យ៉ាងណាមិញ ដើម្បីរក្សាលំហូរភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាកាន់តែច្រើនឡើងទ្វេរដង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានស្នើរស្នើ ឯកឧត្តម វ៉ាង វិនពីន បន្តសហការជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីប្រារព្ធយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នេះ ប្រព្រឹត្តទៅពេញមួយឆ្នាំ គឺចាប់ពីថ្ងៃប្រកាសបើកជាផ្លូវការនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ និងបន្តរហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និង ពាណិជ្ជកម្មវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាព លើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ ។

ឯកឧត្តមរដ្ឋមន្រ្តីរូបនេះបានលើកឡើងថា៖ “ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការកំណត់យកឆ្នាំ ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញបង្កើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើនទំនាក់ទំនងក្នុងវិស័យ ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ ព្រមទាំងបន្តជំរុញការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន”

ទន្ទឹមនឹងនេះ ឯកឧត្តមក៏មានគំនិតសុទិដ្ឋិនិយមផងដែរថា តាមរយៈការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងមានភ្ញៀវទេសចរ និងវិនិយោគិនពីប្រទេសចិនកាន់តែច្រើនថែមទៀតមកទស្សនា និងធ្វើធុរកិច្ចនៅ កម្ពុជា។

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្រ្តនៅកម្ពុជា គឺភាគីទាំងពីរបានប្រកាសរួមគ្នា ចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន » ហើយនេះ គឺជាឆ្នាំទី៣បន្តបន្ទាប់ដែលប្រទេសទាំងពីរបានរៀបចំព្រឹត្តការណ៍ឆ្នាំថ្នាក់ជាតិបន្ទាប់ពី “ឆ្នាំមិត្តភាព-ចិនកម្ពុជា២០២៣” និង “ឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន”។ 

ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា ៖ “យើងបានរៀបចំពិធីបើក “ឆ្នាំទេសចរណ៍រវាងចិន-កម្ពុជា” អមដោយការសម្ដែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ូ” ដែលនេះវា គឺជាការអនុវត្តកុងសុងស៊ីសសំខាន់ៗដែលកំណត់ដោយថ្នាក់ដឹកនាំទាំងពីប្រទេស ដែលវាបានបន្តសន្ទុះវិជ្ជមានការផ្លាស់ប្ដូរំនងមិត្តភាពរវាងប្រទេសទាំងពីរ និងកត់ត្រាភាពអស្ចារ្យនៃកិច្ចសហប្រតិបត្តិការណ៍ទេសចរណ៍ចិន-កម្ពុជា”។ 

ឯកឧត្តម បានគូសបញ្ជាក់ថា នៅមុនការផ្ទុះឡើងនូវជំងឺកូវីដ១៩ ចិនជាប្រភពភ្ញៀវទេសចរណ៍ច្រើនជាងគេសម្រាប់កម្ពុជា ហើយបន្ទាប់ពីស្បើយជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរណ៍ចិនបានកំពុងវិលត្រលប់មកវិញជាមួយភាពវិជ្ជមាន ខណៈកាលពីឆ្នាំមុនភ្ញៀវទេសចរណ៍ចិនប្រមាណ៨៥ម៉ឺននាក់បានមកទស្សនាប្រទេសកម្ពុជា មានចំនួន៥៥% បើធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ 

គួរឱ្យដឹងថា បើតាមការលើកឡើងឯកឧត្តម វ៉ាង វិនពីន នៅក្នុងត្រីមាសទី១ឆ្នាំនេះ ចំនួនភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា បានកើនឡើងដល់២៨.៦ម៉ឺននាក់កើនឡើង ៥០.៦% បើធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស