X

TNAOT News

· 06-02

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥

#តំបន់មុំបី# #សម្ដេចតេជោ ហ៊ុន សែន# #មូលនិធិគន្ធបុប្ផាកម្ពុជា# #បណ្តុំព័ត៌មានថ្មីៗ# #បញ្ហាព្រំដែនជម្លោះ# #សង្គម# #ព័ត៌មានសង្គម# #កម្ពុជា-ថៃ#

4112

១. សម្តេចតេជោបង្ហាញការឈឺចាប់ក្រោយទាហានថៃលួចបាញ់ទាហានខ្មែរស្លាប់នៅតំបន់មុំបី

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញក្តីឈឺចាប់បំផុត នៅពេលទាហានថៃឈ្លានពានដីកម្ពុជាហើយលបលួចបាញ់ប្រហារមកលើលេណដ្ឋានបណ្ដាលឱ្យនាយទាហាន សួន រ៉ោន បាត់បង់ជីវិតទាំងព្រឹកព្រលឹម ខណៈទីតាំងតំបន់មុំបី ក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលសម្ដេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ធ្លាប់អញ្ជើញទៅដល់កាលពីឆ្នាំ២០១០។

២. អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាអនុម័តចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីកម្ពុជាប្ដឹងរឿងបញ្ហាព្រំដែនជម្លោះកម្ពុជា-ថៃទៅតុលាការអន្តរជាតិ

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ។

៣. សម្តេចធិបតីបញ្ជាក់ថាអ្វីដែលកងទ័ពយើងត្រូវការនៅពេលនេះគឺការគាំទ្រលើកទឹកចិត្តរបស់ប្រជាជនយើង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈកំពុងស្ថិតនៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃ។

៤. ៥ខែឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រដល់ភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រដល់ភ្ញៀវអន្តរជាតិជាង ៥២ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

៥. សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២០លានរៀល ដល់គ្រួសារសពស្ត្រីមានផ្ទៃពោះ៧ខែ ដែលស្វាមីជាយោធាការពារព្រំដែន

បន្ទាប់ពីទទួលព័ត៌មានដ៏តក់ស្លុតភ្លាមៗ ថាមានគ្រួសារនាយទាហានដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំបី បាត់បង់ប្រពន្ធនិងកូនក្នុងផ្ទៃ កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងនាំយកថវិកាចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី អាំ រត្ត នាង ដែលបានទទួលមរណភាពទាំងម្តាយនិងកូនក្នុងផ្ទៃ៧ខែ ដោយសាររោគាពាធ ក្នុងជន្មាយុ ៣៨ ឆ្នាំ នៅភូមិ កន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

៦. មន្រ្តីយោធាថៃ និងពលរដ្ឋថៃ ៥នាក់ស្លាប់និងរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅខេត្តប៉ាតានី

នៅថ្ងៃទី២ ខែមិថុនា វេលាម៉ោង ០៩:៣០នាទីព្រឹក ការវាយប្រហារតាមរថយន្តបានវាយប្រហារទៅលើរថយន្តអនុរក្សយោធាដែលដឹកអ្នកដំណើរចំនួន៤នាក់នៅក្នុងភូមិ Naphrao ឃុំ Panare ស្រុក Panare ខេត្ត Pattani ប្រទេសថៃ បណ្តាលឲ្យស្លាប់មន្ត្រីយោធាថៃម្នាក់ និងអ្នករងរបួស៣នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

៧. កត្តា៣យ៉ាងសំខាន់ចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាអាចបន្តនិរន្តរភាពជួយសង្រ្គោះជីវិត ទារក-កុមារ រាប់សែននាក់

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា មានកត្តា ៣យ៉ាងសំខាន់ដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា គឺអាចបន្តនិរន្តរភាពអាចជួយសង្រ្គោះជីវិត ទារក កុមារ បានរាប់សែននាក់ ហើយផ្តល់ភាពជឿជាក់ពីឪពុកម្ដាយគ្រប់ៗគ្នាទៅដល់មន្ទីរពេទ្យ ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ។

៨. គ្រូបារមីស្នងរូប៧ភាសា មកធ្វើកិច្ចសន្យាណែនាំឱ្យបញ្ឈប់ និងលុបវីដេអូ រូបថតសកម្មភាពពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ លើករាសីតាមប្រព័ន្ធបណ្ដាញសង្គម

លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានអញ្ជើញលោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប៧ភាសា មានអាសយដ្ឋាននៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មកធ្វើកិច្ចសន្យាណែនាំឱ្យបញ្ឈប់ និងលុបវីដេអូ រូបថតសកម្មភាពពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ លើករាសី ជាដើ

៩. គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ គាំទ្ររាជរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីពន្លត់ និងបញ្ឈប់បញ្ហាព្រំដែនជាមួយថៃ

គណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ បានចេញសេចក្តីថ្លែងការណ៍ដោយថា បានតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាជម្លោះព្រំដែនថ្មីៗនេះ ជាមួយប្រទេសថៃ និងបានឃើញការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាល កម្ពុជា នឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីពន្លត់ និងបញ្ឈប់បញ្ហាព្រំដែនជាមួយនឹង ប្រទេសថៃ។

១០. ផលិតករ​ភាពយន្ត​ខ្មែរ លោក ហ៊ុយ យ៉ាឡេង ប្រកាសលក់ក្រលៀនខ្លួនមួយចំហៀង ដើម្បីយកថវិកាថតភាពយន្ត

លោក ហ៊ុយ យ៉ាឡេង ដែលត្រូវបានគេស្គាល់ថាជាផលិតករ​ភាពយន្ត​ខ្មែរ​មួយរូបដ៏មានឈ្មោះបោះសំឡេង និងជាតារាសម្ដែងម្នាក់ដែលមានសមត្ថភាព បានធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាពេលថ្មីៗនេះលោកបានបង្ហោះសារមួយប្រកាសលក់ក្រលៀនខ្លួនមួយចំហៀង ដើម្បីយកថវិកាថតភាពយន្តបែបអប់រំនិយាយពីគុណរបស់មាតាបិតា។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស