រឿងនិទានខ្មោចពិត

· 01-03

រឿង ទឹកជំនន់

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

6941

រឿងនេះនិយាយពីបងប្អូនស្រីពីរនាក់ បងស្រីឈ្មោះនីតា ប្អូនស្រី​រីណា ​ថ្ងៃនេះបងប្អូន​ទាំងពីរនាក់​ បានសុំ​ឪពុកម្ដាយ​ទៅដើរ​លេងក្បែរផ្ទះ ប៉ុន្ដែគាត់មិនអនុញ្ញាតទេ​ដោយ​សារ​តែខ្លាច​មិន​សុវត្ថិភាព ព្រោះ​តែ​មួយរយៈនេះ មេឃភ្លៀង​ជាប់ផង ខ្លាច​ទឹក​ច្រើន​ ខ្លាច​កូនលង់​ទឹក ។ ប៉ុន្ដែកូន​ទាំងពីរ​ ដោយសារ​តែចង់​ដើរលេង ក៏លួច​ឪពុកម្ដាយ​ទៅដើរ​លេង ពួកគេទាំងពីរនាក់​ បាន​ទៅលេងនៅក្រោមស្ពានមួយ​ នៅឆ្ងាយពី​ផ្ទះប្រហែលជា​៣០០ម៉ែត្រ​ ។ ខណៈពួកគេកំពុងតែលេងទឹកយ៉ាងសប្បាយ ស្រាប់​តែមេឃ​ចាប់ផ្ដើម​រលឹម ពេល​នោះនីតា​បានប្រាប់​ប្អូនស្រី៖

-      តោះ​រីណា យើងទៅផ្ទះវិញ មេឃរលឹមភ្លៀង​ហើយ ខ្លាច​ទឹកឡើងណា​

-      មិនអីទេ! បងស្រី មេឃកំពុង​ត្រជាក់ស្រួលផង​

ដោយ​ឃើញ​ប្អូនស្រីកំពុងលេង​ទឹកសប្បាយ​ ក៏សម្រេចចិត្ត​នៅ​លេង​ជាមួយ​ ប៉ុន្ដែ​នាង​មានអារម្មណ៍​ថារងា​ ក៏អង្គុយ​លើច្រាំងមើលប្អូនលេង​យ៉ាងសប្បាយ ប៉ុន្ដែភាពសប្បាយ​រីករាយ​ ស្នាមញញឹមរបស់​អ្នក​ទាំងពីរ​ បាន​រលាយ​បាត់​មួយ​ប៉ប្រិចភ្នែក​។ ខណៈដែលរីណាកំពុងលេង​ទឹក មេឃបានបង្អុរភ្លៀងយ៉ាងខ្លាំង ស្រាប់តែទឹកជន់មក​ ហូរបោកខ្មួលខ្មាញ់​​ អូសយក​រីណា​ទៅជាមួយ​ នាងខ្ញុំប្រវេប្រវាចាប់​សសរក្រោមស្ពាន ឯនីតា​ឃើញប្អូនបែបនេះ ក៏ស្ទុះលោត​ចុះ​ក្នុង​ទឹក​ទៅជួយប្អូនស្រីនាង​ ប៉ុន្ដែដោយសារតែរីណាមិនចេះ​ហែលទឹកផង ហើយ​ទឹកហូរខ្លាំងពេក​ នីតាក៏ឈ្លក់ទឹក ជួយប្អូនស្រីមិនបាន អ្នកទាំងពីរក៏ស្រវ៉ាឲ្យបគ្នា ហូរ​រសាត់​តាមខ្សែទឹក ។

ក្រោយពីមេឃភ្លៀង​ ឪពុកម្ដាយក្មេងទាំងពីរបាន​ចេញ​មកសារខោអាវ​ ស្រាប់តែបាត់​កូន ក៏ដើរ​ស្រែក​រកកូន​តែមិនឃើញ​ ក៏ដើរ​ចេញ​មកក្រៅផ្ទះ​ សួរអ្នកជិត​ខាង ឮគេប្រាប់​ថា​ពួកគេ​ដើរ​ទៅលេងនៅស្ពានបាត់ហើយ ឪពុកម្ដាយ​គ្រាន់តែឮបែបនេះ បានរត់​ទាំងភ្លៀង​ទៅរកកូន តែមិនឃើញ កើតចិត្តមន្ទិលសង្ស័យក៏រត់ទៅហៅ​អ្នកភូមិ ឲ្យជួយ​ដើររកកូន ប៉ុន្ដែគាត់រករហូតដល់ម៉ោងជាង៧យប់ នៅតែមិនឃើញ​ព្រោះប្រហែល​ហូរ​តាមទឹកបាត់​ហើយ ទឹកភ្នែកអាណិត​បារម្ភពីកូន គួរឲ្យសង្វេគណាស់ ពួកគាត់បានបន្ដ​ដើររកកូនតែពីរនាក់ប្ដីប្រពន្ធ រហូតដល់យប់ជ្រៅ ដោយអស់សង្ឃឹម គាត់បានដើរត្រលប់​មកវិញ ទាំងក្ដីសោកសៅបំផុត ។

ពេលគាត់ដើរមកជិតដល់ផ្ទះ​ស្រាប់តែ​ ឃើញកូនទាំងពីរ ឪពុកម្ដាយអរណាស់ រត់ទៅឲ្យបកូន លោកមិនបាន​បន្ទោសទេ ថែមទាំងឲ្យបកូនពេញដើមទ្រូងហើយ សួរនាំកូនទាំងទឹកភ្នែក ទាំងសម្លេងអួលដើមក៖

-        កូនយ៉ាងម៉េចហើយ? ពុកម៉ែបារម្ភណាស់ ឯណាប្អូនកូន? (គាត់សួរព្រោះឃើញតែ​នីតាម្នាក់ឯង)

-      រីណា គាត់លង់ទឹកហើយពុក គាត់​នៅគល់ស្ពាននោះ

គ្រាន់តែឮដូចនេះ ឪពុកម្ដាយក៏រត់​ទៅស្ពានម្ដងទៀត ស្រាប់តែឃើញកូនរបស់គាត់ទាំងពីរ​ ឲ្យបគ្នាគ្នា លង់ទឹកទាំងពីរ​នាក់​ ឪពុកម្ដាយស្លុតចិត្ត ងាកមក​នីតា បាត់កូនបាត់ ឪពុកម្ដាយនាង​បានលើកសាកសពកូន​ទាំងពីរ​យកទៅធ្វើបុណ្យ ពោរពេញ​ដោយ​វិប្បដិសារី​ ព្រោះ ដោយសារតែការធ្វេសប្រហែសមួយពេល ទើបគាត់បានបង់កូនទាំងពីរ។ 

តេឡេក្រាម  ហ្វេសប៊ុកផេក  ប្លក់

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)