
រឿងនិទានខ្មោចពិត
· 2024-01-04
រឿង ខ្ទមស្រែ
#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឿងខ្មោច#
3423

រឿងនេះនិយាយពីខ្ញុំនិងពួកម៉ាកខ្ញុំ វាឈ្មោះអាដា វាជាអ្នករស់នៅតាមស្រុក មានមុខរបរធ្វើស្រែ ប៉ុន្ដែវាចិត្តល្អណាស់ ទំនេរពីការរៀនសូត្រ វាតែងតែមកដេកលេងនៅផ្ទះរបស់ខ្ញុំជានិច្ច ពេលខ្លះបានវា ខ្ញុំបានរៀនសូត្រច្រើនណាស់ យើងរៀនជាមួយគ្នា ធ្វើលំហាត់ជាមួយគ្នា ។ ខែនេះជាពេលវ៉ាកងធំ សម្រាក៣ខែ ខ្ញុំបានសុំម៉ែទៅលេងផ្ទះអាដា២-៣ថ្ងៃ ដើម្បីទៅលេងស្រែវាម្ដង ព្រោះខ្ញុំតាំងពីតូចដល់ធំ មិនដែលបានចូលស្រែទេ។
ក្រោយពីដល់ថ្ងៃវ៉ាកងធំ ខ្ញុំបានជិះម៉ូតូ២នាក់អាដា ទៅលេងភូមិវាម្ដង ពុកម៉ែវារួសរាយណាស់ គាត់ចូលចិត្តខ្ញុំណាស់ ព្រោះអាដាធ្លាប់ប្រាប់គាត់ថា ខ្ញុំជាក្មេងល្អ រៀនពូកែ ។ ខ្ញុំមានតែសប្បាយចិត្តព្រោះ តែមានចាស់ៗគាត់ស្រឡាញ់គ្រប់គ្នា ប៉ុន្ដែគាត់បានហាមប្រាម ពេលយប់ព្រលប់ ពេលចង់ដើរលេង អីកុំឲ្យនៅយប់ជ្រៅពេក ខ្ញុំក៏មិនបានដឹងថាគាត់ចង់មានន័យថាអ្វីទេ? ប៉ុន្ដែយើងគួរតែស្ដាប់ចាស់ៗ ។
ក្រោយមកអាដា បាននាំខ្ញុំទៅលេងស្រែ នៅស្រែមានដាំល្ហុង ស្វាយ ដាំម្ទេសជាដើមគ្រាន់នឹងទុកបេះស្ល ពេលមកស្រែម្ដង ងាយស្រួលមិនពិបាករកម្ហូបទេ ខ្ញុំរវល់តែជក់ចិត្តនឹងទេសភាពស្រុកស្រែ ក្លិនស្រូវក្រអូបឈ្ងុយ ល្ងាចល្មម អាដាក៏បបួលខ្ញុំមកផ្ទះវិញ ប៉ុន្ដែខ្ញុំថាមេឃមិនទាន់ងងឹត ខ្លាចអីនៅលេងបន្ដិចទៀតទៅ ដោយសារតែឃើញខ្ញុំរីករាយផង វាក៏មិនថាអីដែរ ក៏បន្ដនៅលេងជាមួយគ្នា ។ ភ្លេចៗខ្លួនងងឹតបាត់ ៖
- ចុមងងឹតបាត់! តោះអាដាទៅផ្ទះវិញ
- មើលវាធ្វើ ! ឯងបបួលអត់ខ្ចីទៅ នៅវក់លេង ដល់ងងឹត តាំងឯងចង់ទៅផ្ទះវិញ ម៉េចអាខ្លាចខ្មោចលងមែន (វានិយាយបែបលេងសើចជាមួយខ្ញុំ)
- នេះ! ស៊ីមួយក្រញ៉ទៅអា និយាយអីរឿងខ្មោចហ្នឹង (ខ្ញុំមិនខ្លាចទេ ប៉ុន្ដចង់ញ៉ោះវាលេង) ឯងមិនខ្លាចទេខ្មោច ខ្មាំងអីនោះ គ្រាន់តែខ្ញុំថាប៉ុណ្ណោះ មេឃក៏ស្រាប់តែធ្លាក់ខ្យល់យ៉ាងខ្លាំង ខ្ញុំនឹងអាដាព្យាយាមជិះម៉ូតូទាំងទប់ខ្យល់ ពេលនោះខ្ញុំមានអារម្មណ៍ហាក់ដូចជាមានអ្វីមួយខ្មៅធំសម្បើមហោះចេញពីដើមស្ដៅ លើដំបូក វាហោះសំដៅមករកខ្ញុំទាំងពីរ ខ្ញុំចាប់ផ្ដើមមើលឃើញច្បាស់មុនគេ គឺភ្នែកមួយគូមានពណ៌ក្រហមខ្លាំង ធំណាស់លោកអើយ ស្ទើរតែប៉ុនបាតលោកហើយ ខ្ញុំក៏ទះស្មាអាដា៖
- អាដា! អាដា! ហែងឃើញភ្នែកអីនោះ ធំម្ល៉េះអា
- កុំមាត់ ! ឯងបិទភ្នែកទៅ
- ឲ្យបិទយ៉ាងម៉េចអា បើវាហោះមកស្ទុយ ជិតមកដល់អញហើយ
- អញដឹងតើ មិនឃើញអញខំរោទិ៍ម៉ូតូទេ
- អើ! ឲ្យលឿនទៅៗ (ខ្ញុំអង្រួនស្រែកពេញម៉ូតូ)
ភ្នែកនោះបានហោះ មកនៅពីមុនម៉ូតូខ្ញុំ អាដាមើលផ្លូវអត់ឃើញ ដួលម៉ូតូចូលគុម្ពោតព្រៃបាត់ ខ្ញុំស្ទុះងើប និងទាញវាចេញ ព្រោះម៉ូតូលែងទាន់ រត់វិញលឿនជាង ។ ខ្ញុំរត់បណ្ដើរ ស្រែកបណ្ដើរឲ្យគេជួយ ប៉ុន្ដែដោយសារតែងងឹតហើយ អ្នកភូមិគេទៅផ្ទះអស់ហើយ ហេតុនេះគ្មាននរណាមួយគេនៅឮទេ ។ ខ្ញុំនិងអាដា ប្រឹងរត់មួយទំហឹង ញើសជោគខ្លួន ស្រាប់តែមានអ្វីម្យ៉ាងមកចាប់ជើងខ្ញុំទាំងពីរនាក់ ខ្ញុំបម្រុងនឹងងាកមើល អាដាស្រែកថា “កុំងាកមើលក្រោយឲ្យសោះ ពេលនេះយើងរើក៏លែងរួចដែរ តាំងចិត្តអាម៉ាក សូត្ររំឮកគុណទៅ” ។ ខ្ញុំក៏ព្យាយាមបិទភ្នែកសិន ដើម្បីកុំឲ្យភ័យនិងសូត្ររំឮកគុណ ក្នុងចិត្តជាប់ ភ្លាមៗនោះខ្ញុំឮសម្លេងពុកម៉ែអាដា និងអ្នកភូមិប្រហែល៤-១០នាក់ កំពុងស្រែករកពួកខ្ញុំ ខ្ញុំខំស្រែកដែរ តែមិនដឹងយ៉ាងម៉េច ខ្ញុំស្រែកអត់ចេញសោះ បានត្រឹមតែអ៊ីសអើ ដូចមនុស្សគអ៊ីចឹង ពេលនោះខ្ញុំទើបយល់អារម្មណ៍មនុស្សដែលមានមាត់តែនិយាយមិនបាន ពិតជាពិបាកណាស់ ។ បានមួយស្របក់ ខ្ញុំហាក់បីដូចជាមានអ្វីមកបាំងភ្នែក ខ្ញុំថប់ដង្ហើម ក៏សន្លប់បាត់ស្មារតី ក្រោយពីបានភ្ញាក់ដឹងខ្លួនខ្ញុំពីរនាក់អាដាកំពុងតែនៅលើគ្រែឯផ្ទះបាត់ហើយ ពុកម៉ែអាដាបានប្រាប់ខ្ញុំថា អ្វីដែលខ្ញុំបានឃើញគឺព្រាយក្បាលប្រាំបី ដែលរស់នៅដើមស្ដៅលើដំបូកនោះឯង ព្រោះពួកគាត់ក៏ធ្លាប់ជួបដែរ គ្មាននរណាដេញវាបានទេ ព្រោះគ្មានជម្រើសទើបនៅបន្ដធ្វើស្រែនៅទីនោះ សំណាងហើយ ដែលខ្ញុំមិនងាកក្រោយមើល ព្រោះគាត់ថារាល់តែវាហៅ យើងងាកក្រោយ គឺមានន័យថាយើងត្រូវបានវាកាច់កបាត់ហើយ ខ្ញុំក៏បានសន្យាថានឹងទៅលេងកន្លែងនោះទៀតហើយ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
លក្ខណៈ៤យ៉ាងរបស់មនុស្សមានបុគ្គលិកលក្ខណៈល្អ បើអ្នកទំនាក់ទំនងជាមួយកាន់តែច្រើន ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន
ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម
យោបល់ទាំងអស់ (0)