TNAOT News

· 04-25

លោកតា សារ៉េត មានវ័យ៧៥ឆ្នាំហើយ តស៊ូងើបតាំងពីម៉ោង៥ទៀបភ្លឺ ដើររើសសំបកកំប៉ុងទាំងខ្លួនមានជំងឺប្រចាំកាយ

#ជំងឺប្រចាំកាយ# #ស៊ូ-ស៊ូ Fighting# #លោកតា សារ៉េត# #សង្គម# #ព័ត៌មានសង្គម#

6526

ពន្លឺព្រះអាទិត្យរះស្របពេលម៉ោង៥ ទៀបភ្លឺជារៀងរាល់ថ្ងៃ លោកតាវ័យចំណាស់ កម្សត់ម្នាក់ តែងតែទាញកង់ដែលមានសម្ពាយសំបកកំប៉ុងផង ដបផង ច្រកថង់សំពីងសំពោងដាក់ពីក្រោយកង់ ដោយដើររើសអេតចាយតាមដងផ្លូវដើម្បីលក់យកថវិកាមកចិញ្ចឹមជីវិតដ៏កម្សត់មួយនេះ ខណៈភ្នែក ត្រចៀកប្រើការស្ទើរមិនកើត និងរាងកាយកាន់តែចាស់ទ្រុឌទ្រោមយ៉ាងណាក្តី។

លោកតាចាស់ជរា និងមានជីវិតដ៏កម្សត់ម្នាក់នេះមានឈ្មោះ អ៊ូច សារ៉េត អាយុ៧៥ឆ្នាំ បច្ចុប្បន្នរស់នៅម្នាក់ឯងក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈប្រពន្ធដើមបានលែងលះជាមួយគ្នាច្រើនឆ្នាំមកហើយ ឯប្រពន្ធក្រោយក៏បានស្លាប់ចោលទៀត។ លោកតា គ្មានសាច់ញាតិ កូនៗសម្រាប់ទីពឹងទេ និងមិនមានមុខរបរផ្សេងទេក្រៅពីបង្ខំចិត្តរករបរដើររើសអេតចាយ ដើម្បីលក់ដោះស្រាយក្រពះនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការប្រឹងប្រែងរស់ទាំងត្រដាបត្រដួស អង្គុយលើកង់ដោយជើងម្ខាងប្រឹងទប់ជ្រែងខ្លាចដួលកង់ និងជើងម្ខាងទៀតប្រឹងដោលទៅមុខដើម្បីរកសំបកកំប៉ុង សំបកដប និងសម្ភារផ្សេងៗដែលអាចជួញដូរបាននៅតាមដងផ្លូវសាធារណៈរាល់ថ្ងៃនេះ គឺដើរទាំងលោកតា សារ៉េត មិនបានសម្រាក និងបរិភោគបានគ្រប់គ្រាន់នោះទេ ហើយលោកតាបានប្រាប់ក្រុមការងារសារព័ត៌មាន TNAOT ថាកាលពីមុន លោកតារស់នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ជាអ្នកធ្វើស្រែចំការ លុះដល់ប្រពន្ធក្រោយរបស់លោកតាបានទទួលមរណភាពទៅ ក៏សម្រេចចិត្តផ្លាស់ប្តូរទីលំនៅមករួមរស់នៅទីតាំងបច្ចុប្បន្នក្រោមដំបូលផ្ទះតូចមួយតែម្នាក់ឯង ក្នុងនាមជាអ្នកចាំដីចំការឲ្យគេប៉ុណ្ណោះ។ លោកតា អ៊ូច សារ៉េត បានប្រកបរបរជាអ្នករើសអេតចាយតាមផ្លូវសាធារណៈនេះរយៈពេលប្រហែល២ឆ្នាំមកហើយ ពោលមិនមានរបរណាផ្សេងនោះទេ ណាមួយវ័យក៏កាន់តែចាស់ទ្រុឌទ្រោម ភ្នែកក៏ស្រវាំង ត្រចៀកក៏ធ្ងន់ស្តាប់មិនសូវឮច្បាស់ផងនោះ។ លោកតាតែងតែទទួលបានការអាណិតស្រលាញ់ពីអ្នកស្រុក ដោយអ្នកខ្លះជូនបាយ ម្ហូប និងថវិកាបន្តិចបន្តួចនៅតាមដងផ្លូវ ព្រោះឃើញគាត់ចាស់ណាស់ទៅហើយ ពេលឈឺម្តងៗគឺបានអ្នកជិតខាងនោះទេជាអ្នកមើលថែរក្សាផងដែរ​។

លោកតា សារ៉េត បានប្រាប់ក្រុមការងារសារព័ត៌មាន TNAOT បន្តទៀតថា រាល់ថ្ងៃនេះមិនមានអ្វីត្រូវរំពឹងនោះទេ ក្រៅពីចេញពីផ្ទះមានកង់មួយដើរត្រុកៗ ស្ទើរតែរាល់ថ្ងៃដើម្បីតែបំពេញចម្អែតក្រពះបីពេល និងសល់ថវិកាបន្តិចបន្តួចដើម្បីទិញថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺប្រចាំកាយតែប៉ុណ្ណោះ។ ពីសារព័ត៍មាន TNAOT គ្មានអ្វីអាចជួយលោកតាបានច្រើនទេ ក្រៅពីជូនជាថវិកាបន្តិចបន្តួច និងសូមផ្តល់ជាកម្លាំងចិត្តដល់លោកតា ស៊ូ-ស៊ូ and Fighting!  យើងខ្ញុំសូមជូនពរឲ្យលោកតាជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ គ្រប់ប្រការផងដែរ៕សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)