TNAOT News

· 2024-07-11

តំណាងកម្ពុជា ត្រូវជ្រើសរើសជាវាគ្មិនមួយរូបនៅក្នុងវេទិកាសហគ្រិន ចិនពិភពលោក

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

5348

តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិននៅក្នុងវេទិកាសហគ្រិន ចិនពិភពលោក ក្រោមប្រធានបទ «ការស្វែងយល់អំពីកាលានុវត្តភាពទីផ្សារ ប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពខ្លាំងរបស់ហុងកុង» ដែលរៀបចំឡើង ដោយសភាពាណិជ្ជកម្ម ចិន-ហុងកុង នៅតំបន់រដ្ឋបាលពិសេសហុងកុង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានរំលេចជូនវិនិយោគគិន និងសហគ្រិនហុងកុង អំពីឱកាសក្នុងការទទួលបានផលចំណេញពីទីផ្សារប្រទេសសមាជិកអាសិប (RCEP) ជាពិសេសការវិនិយោគលើវិស័យសេវាកម្មហិរញ្ញវត្ថុគាំទ្រដល់គម្រោងវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាសម្រាប់ការតភ្ជាប់ ឧស្សាហកម្មអនុគមន៍ (Forward Linkage) និងឧស្សាហកម្មប្រតិគមន៍ (Backward Linkage) ក៏ដូចជាការជួយជំរុញការតភ្ជាប់សហគ្រាសកម្ពុជាទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់អាសិប (RCEP)។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអង្គពិធី អំពីលក្ខណៈអំណោយផលសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជារួមមានដូចជា ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយ ព្រមទាំងក្របខណ្ឌគតិយុត្តដែលមានលក្ខណៈអំណោយផលដល់ការវិនិយោគក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានការចូលរួមពីតំណាងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅតំបន់រដ្ឋបាលពិសេស ហុងកុង ដែលភាគច្រើនមានជំនាញក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យា សរុបប្រមាណ ៧០០នាក់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស