
TNAOT News
· 2024-07-18
ភរិយាអាកាសយានិក ខេង ឆៃយុទ្ធ បានត្រឹមដង្ហោយរក និងនឹករលឹកស្វាមីពីចម្ងាយ
#ឧទ្ធម្ភាគចក្រ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខេង ឆៃយុទ្ធ#
6133
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ មនុស្សពីរនាក់នៅលើឧទ្ធម្ភាគចក្រ Z9 លេខ MH912 ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ មិនទាន់រកឃើញឡើយទេ ខណៈភរិយាអាកាសយានិក ខេង ឆៃយុទ្ធ បានត្រឹមបួងសួងដង្ហោយរកស្វាមីពីចម្ងាយ និងតែងតែចែកចាយពីរូបភាពអនុស្សាវរីយ៌ល្អៗដែលបានសាងជាមួយគ្នានាពេលកន្លងមក ព្រមទាំងសសើរពីទម្លាប់ល្អរបស់ស្វាមីតាមរយៈគណនីបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ។
ជុំវិញរឿងនេះ ម្ចាស់គណនីឈ្មោះ Kalyan Natara ដែលត្រូវជាភរិយារបស់អាកាសយានិកខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ខ្យល់អើយជួយនំាពាក្យខ្ញុំទៅប្រាប់ប្តីខ្ញុំ ខេង ឆៃយុទ្ធ ផងថាខ្ញុំពិតជានឹកគាត់ខ្លំាងណាស់»។
ដោយឡែកកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដាកន្លងទៅនេះ អ្នកនាងក៏បានបង្ហោះសារកោតសសើរចំពោះទម្លាប់ល្អៗរបស់ស្វាមី បន្ថែមទៀតថា «ប្រាក់ខែបើកមកបង់រំលស់ផ្ទះ សល់ខ្លះលួចសន្សំទុកទិញឡាន ព្រោះមិនចង់ឲ្យប្រពន្ធកូនលំបាកជិះម៉ូតូផ្លូវឆ្ងាយ មិនចេះចាយផ្តេសផ្តាសទេ ខោអាវទិញឲ្យ ស្លៀកទំាងអស់ មានអីប្រើហ្នឹង ម្ហូបធ្វើអីឲ្យ ក៏ញាំដែរ ព្រឹកឡើងបាយនៅផ្ទះហើយបានទៅធ្វើការ។ បងជាមនុស្សស្រួលទំាងញាំ និងដេកអ៊ីចឹង បើបងនៅក្នុងព្រៃ អូនជឿថាបងក៏អាចតស៊ូបានដែរណាប្តីសម្លាញ់ ស៊ូស៊ូៗបង ដើម្បីមកបន្តក្តីស្រមៃរបស់បង សន្សំលុយទិញឡាន១ជិះដឹកប្រពន្ធកូនដើរលេងឲ្យបាន»។
ក្នុងសារនោះ អ្នកនាងក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បែបនេះថា «សូមព្រះពុទ្ធ ព្រះធម៌ ព្រះម៉ែធរណីអារក្ស អ្នកតាម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា អ្នកតាថែរក្សាព្រៃភ្នំ ជួយឃុំគ្រងថែរក្សាប្តីខ្ញុំ ខេង ឆៃយុទ្ធ ឲ្យគាត់មានសុខសុវត្តិភាព រកផ្លូវដើរមកផ្ទះឃើញវិញផង»។
គួររម្លឹកផងដែរថា ឧទ្ធម្ភាគចក្រ Z9 លេខ MH912 ដែលបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដា អំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ ចំណែកឯសមាសភាពនៅក្នុងឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺលោក ស៊ុន ផល្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយាននិក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)