TNAOT News

· 08-01

កម្ពុជា នឹងបង្កើតកំណត់ត្រាពិភពលោកGUINNESS ចតរថយន្តទំនើបៗច្រើនបំផុតមុខប្រាសាទអង្គរ

#ប្រទេសកម្ពុជា# #តំបន់រមណីយដ្ឋានអង្គរ# #Guinness World Records# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍#

5730

ដើម្បីជាការចូលរួមជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ពិភពលោកផងនោះ ក្រសួងទេសចរណ៍កម្ពុជា នឹងសហការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដោយព្រឹត្តិការណ៍នេះ នឹងមានការប្រមូលផ្ដុំនូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប។ 

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា «ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏ធំ នៃការប្រមូលផ្ដុំនូវរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពលជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។ ហើយចំពោះការមកដល់កម្ពុជា វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន ដោយមានការដាក់តាំងបង្ហាញរថយន្តទំនើបជាច្រើនរយគ្រឿង អមជាមួយការប្រគំតន្ត្រីខ្នាតយក្ស ក្នុងគោលបំណងចំនួន៤សំខាន់ៗគឺ ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៌ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស»។

ការជ្រើសរើសយកខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍នេះ វាគឺជាចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ទៅកាន់ពិភពលោក តាមរយៈការចូលរួមពីបុគ្គលល្បីមកពីជុំវិញពិភពលោកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ព្រឹត្តិការណ៍នេះ នឹងមានរយៈពេល២ថ្ងៃលើទឹកដីនៃខេត្តសៀមរាប គឺនៅថ្ងៃទី១៦-១៧ ខែកញ្ញា ជាមួយនឹងការនឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះ នឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស