TNAOT News

· 2024-08-01

សម្តេចធិបតី បានបញ្ជាក់ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ

#AWEN# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

6055

សម្តេចធិបតី ៖ ប្រវត្តិនៃការផ្តោតសំខាន់លើស្ត្រី មិនមែនគ្រាន់តែជារឿងនិទាន ទាក់ទងនឹងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនោះទេ ប៉ុន្តែក៏ជាប្រវត្តិនៃជ័យជម្នះផ្នែកសេដ្ឋកិច្ចផងដែរ ។ ភស្តុតាងជាច្រើនទសវត្សរ៍ បានបង្ហាញយ៉ាងច្បាស់ថា សមភាពយេនឌ័រ មិនមែនគ្រាន់តែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជាជន្ទល់រឹងមាំ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាផងដែរ ។ នៅពេលមានការលើកស្ទួយស្ត្រី ធុរកិច្ចមានការកើនឡើង ហើយប្រទេសជាតិក៏នឹងរីកចម្រើន ។

ក្នុងនោះដែរ សម្តេចធិបតី ក៏បានអបអរសាទរ និងកោតសរសើរចំពោះសហគ្រិនស្ត្រីគ្រប់រូប សម្រាប់កិច្ចខិតខំប្រឹងប្រែង ភាពជោគជ័យ និងការរួមចំណែកដល់ប្រទេសជាតិ ក៏ដូចជាតំបន់អាស៊ានទាំងមូល ដែលព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច តំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក ដោយបានរួមចំណែកដល់ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន ។

នៅក្នុងពិធីបើកវេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ ២០២៤ នៅថ្ងៃនេះ សម្តេចធិបតី បានបញ្ជាក់ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។ ការបីបាច់ថែរក្សារបស់ស្ត្រី ផ្តល់ឱ្យមានតុល្យភាព ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា ។ ការចូលរួមកាន់តែសកម្មរបស់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស