
TNAOT News
· 01-24
ស.ស.យ.ក. ត្រៀមចូលរួមក្បួនដង្ហែ ឈីងហ្គេ ដែលជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី
#NEW NEWS# #សង្គម# #សហភាពសហព័ន្ធយុវជនកម្ពុជា# #ព័ត៌មានសង្គម# #ក្បួនដង្ហែ ឈីងហ្គេ#
2321
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កំពុងហាត់សមដើម្បីត្រៀមចូលរួមក្បួនដង្ហែ «ឈីងហ្គេ» ដែលជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ីដែលរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះជាតិសាសន៍។
តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្បួនដង្ហែ «ឈីងហ្គេ» គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ីដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយសមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះជាតិសាសន៍។ ក្បួនព្យុហយាត្រានេះនឹងមានការចូលរួមសម្តែងដោយក្រុមសិល្បៈជាតិ និងរួមបញ្ចូលជាមួយបណ្តាសិល្បករ សិល្បការិនីមកពីជុំវិញពិភពលោករួមគ្នាបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន។
តាមប្រភពដដែលបានបន្តទៀតថា ជារៀងរាល់ឆ្នាំក្បួនដង្ហែ «ឈីងហ្គេ» មានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោកដែលអាចទាក់ទាញវិសាលភាពផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជនរាប់រយលាននាក់តាមរយៈការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗជាច្រើន ។ ហើយការចូលរួមរបស់កម្ពុជា គឺជាការចាប់យកឱកាសបង្ហាញពីវប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរទៅកាន់ពិភពលោកតាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនីកម្ពុជាក្នុងក្បួនដង្ហែ«ឈីងហ្គេ»។ លើសពីការសម្ដែងកម្ពុជា នឹងបង្ហាញពីកម្លាំងសាមគ្គីភាព និងសក្តានុពលរបស់កម្ពុជាតាមរយៈការរួបរួមគ្នារបស់យុវជនខ្មែរផងដែរ។
នៅក្នុងឆ្នាំ២០២៥ នេះសហភាពសហព័ន្ធយុវជនកម្ពុជានឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត» ដោយការសម្តែងនេះនឹងរួមផ្សំរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្រ្តីបុរាណទំនើប។ ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ ដែលជានិមិត្តរូបនៃភាពរុងរឿងប្រកបដោយភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃមហាគ្រួសារខ្មែរ។ ក្នុងនោះកម្ពុជាមានលោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនីចំនួន ៣៦រូបដែលនឹងត្រូវចូលរួមក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។
សូមបញ្ជាក់ដែរថា គ្រប់ទម្រង់សិល្បៈដែលប្រតិភូ ស.ស.យ.ក. តែងបាននាំយកទៅសម្ដែងលើឆាកអន្តរជាតិសុទ្ធសឹងតែទទួលបានការគាំទ្របច្ចេកទេសពីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន សិល្បៈស្ករ
ការគួបគ្នារវាងវប្បធម៌ល្ខោន
ចំណងជើង៖ ការសម្តែងសិល្បៈ "ប្រមូលផ្តុំ" ត្រូវបានរៀបចំឡើងហើយការសម្តែងនឹងនាំយើងទៅរកពន្លឺភ្លឺស្វាង
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន
យោបល់ទាំងអស់ (0)