TNAOT News

· 03-06

គណៈអភិបាលក្រុងចឹងចូវ និងក្រុមវិនិយោគិនចិនជាង ៥០ក្រុមហ៊ុន ស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2733

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា របស់គណៈអភិបាលក្រុងចឹងចូវ នៃខេត្តហ៊ឺណាន និងក្រុមវិនិយោគិនចិនសរុបប្រមាណ ៥០ក្រុមហ៊ុន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នារសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូនៃគណៈអភិបាលក្រុងចឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន និងមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាព រួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wenbin បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត និងបានរំលេចដែរថា កម្ពុជា គឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។

ជាការឆ្លើយតប លោកស្រីអភិបាលរង បានរំលេចជាពិសេសអំពី គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស