TNAOT News

· 03-12

កម្ពុជាប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់ជប៉ុនសម្រាប់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព

#ឧស្សាហកម្ម# #សង្គម# #កម្ពុជា# #ជប៉ុន# #DEVELOPING NEWS# #ព័ត៌មានសង្គម#

3395

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលជួបគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) និងសមាគមគ្រប់គ្រងបរិស្ថានជប៉ុនសម្រាប់ឧស្សាហកម្ម (JEMAI) ដើម្បីពិភាក្សាអំពីការប្រើប្រាស់ជំនាញ និងបទពិសោធន៍ជាច្រើនទសវត្សរ៍លើការគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក HAMASAKA Takashi ប្រធានការិយាល័យលើកកម្ពស់ការគ្រប់គ្រងបរិស្ថាន នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន បានលើកឡើងពីប្រវត្តិនៃដំណើរឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលបង្កឱ្យមានការបំពុលយ៉ាងខ្លាំង។ ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនបានអនុវត្តវិធានការច្បាប់ បទប្បញ្ញត្តិ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបង្កើតបច្ចេកវិទ្យាគ្រប់គ្រងការបំពុល ទន្ទឹមនឹងនោះ បន្តលើកកម្ពស់ការអភិវឌ្ឍ ឧស្សាហកម្មប្រកបដោយចីរភាព។

លោកបានចែករំលែកអំពីបណ្តុំបទពិសោធន៍ល្អៗដែលបានអនុវត្តការងារកន្លងមកជាមួយវិនិយោគគិនជប៉ុន រួមទាំងការបង្កើតអង្គភាពគ្រប់គ្រងការបំពុលសម្រាប់រោងចក្រចាប់តាំងពីឆ្នាំ១៩៧១ ព្រមទាំងសារៈសំខាន់នៃការអនុលោមតាមស្តង់ដានិរន្តរភាពអន្តរជាតិ សម្រាប់ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ឧស្សាហកម្មកម្ពុជា។លោក HAMASAKA ក៏បានលើកឡើងថា សមាគម JEMAI របស់ជប៉ុន បាននិងកំពុងសហការគាំទ្រក្រសួងឧស្សាហកម្មកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការបំពុលនៅក្នុងរោងចក្រសហគ្រាស ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះការចែករំលែកបទពិសោធន៍របស់ភាគីជប៉ុន និងបានជម្រាបជូនអំពីកំណើនសេដ្ឋកិច្ច និងនគរូបនីយកម្មយ៉ាងឆាប់រហ័សរបស់កម្ពុជាមុនវិបត្តិកូវីដ១៩ ដែលនាំមកទាំងកាលានុវត្តភាព និងបញ្ហាប្រឈមផ្នែកបរិស្ថាន។ លោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគ ទន្ទឹមនឹងនោះ ពង្រឹងការអនុវត្តគោលការសង្គម បរិស្ថាន និងអភិបាលកិច្ច (ESG) ក្នុងឧស្សាហកម្ម៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស