TNAOT News

· 03-12

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងសង្គម និងជាសកល

#សង្គម# #ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន# #បញ្ហាគ្រឿងញៀន# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2858

បញ្ហាគ្រឿងញៀនបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយនៅលើសកលលោកដែលស្របជាមួយបញ្ហាអសន្តិសុខសកលដែលកំពុងកើតឡើងផងនោះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងក្នុងឱកាសចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា បញ្ហាគ្រឿងញៀនបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក។

ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជាជាសង្គមជាតិ។

យ៉ាងណាមិញ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេបើធៀបនឹងឆ្នាំ២០២៣។ ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀនដែលបង្ក្រាបបានកើន ៣១,៨៤% និងគ្រឿងញៀនចាប់យកកើន ៣៩៩% ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណីកើនឡើង ២.៥៦៧ករណី ស្មើ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។

សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន២៧.០៧១នាក់ កើន ៣៥,៥៣% , គ្រឿងញៀនចាប់យក១៤តោន៩០៩គ.ក្រ កើនឡើង ១១តោន៩២០គ.ក្រ ស្មើ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤គ.ក្រ ថយចុះ១តោន១១៥ គ.ក្រ ថយចុះ ៧៦% បើធៀបនឹងឆ្នាំ២០២៣។  ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា គ្រឿងញៀនដែលអាជ្ញាធរជាតិរឹបអូសបានខាងលើនេះជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី មានប្រភពពីតំបន់ត្រីកោណមាស កូកាអ៊ីន មានប្រភពពីអាម៉េរិកខាងត្បូងនិងអាម៉េរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស