TNAOT News

· 03-13

UNESCO បន្តសហការជាមួយក្រសួងអប់រំលើការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំនៅកម្ពុជា

#វិស័យអប់រំ# #សង្គម# #អង្គការUNESCO# #បញ្ញាសិប្បនិម្មិត# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2693

តំណាងអង្គការយូណេស្កូ ឯកឧត្តម Sardar Umar Alam បង្ហាញពីចំណាប់អារម្មណ៍របស់អង្គការយូណេស្កូក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យអប់រំ។

ឯកឧត្តម Sardar Umar Alam បង្ហាញអារម្មណ៍ដូចនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្តីពី ក្របខ័ណ្ឌសមត្ថភាពបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តម Sardar Umar Alam បានលើកឡើងពីសក្តានុពលរបស់អង្គការយូណេស្កូ ដើម្បីជួយគាំទ្រវិស័យអប់រំលើចក្ខុវិស័យនេះបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ក្នុងគោលដៅឱ្យគ្រូបង្រៀន និងសិស្សានុសិស្សសតវត្សទី២១ មានជំនាញ និងសមត្ថភាពឌីជីថលពេញលេញ ជាពិសេសអាចប្រើប្រាស់ឲ្យស្របតាមសីលធម៌នៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យអប់រំ សម្រាប់យុគសម័យឌីជីថលនេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់អង្គការក្នុងការបន្តកិច្ចសហការជាមួយក្រសួងអប់រំលើការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត(AI) ក្នុងការរៀន និងបង្រៀន ដើម្បីពង្រឹងគុណភាពអប់រំ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យរបស់ក្រសួងអប់រំ ដែលបានប្រើប្រាស់(AI) ដើម្បីលើកកម្ពស់វិស័យអប់រំ ដូចជា ការបណ្តុះបណ្តាលគ្រូ ដោយប្រើប្រាស់ AI ជួយគាំទ្រដល់ កញ្ចប់គណិតដំបូង អំណានដំបូង, បង្រៀនសិស្សឱ្យចេះគិត និងចេញស្រមើលស្រមៃ, ពង្រឹងអក្ខរកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា, បង្កើតមាតិកា និងខ្លឹមសារមេរៀន ក៏ដូចជាពង្រឹងការអនុវត្តមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ (STEM) ឱ្យកាន់មានភាពទូលំទូលាយជាដើម។

លោកបានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យជួយគាំទ្រ និងចាប់ផ្តើមពង្រឹងពីចំណុចមួយចំនួនក្នុងវិស័យអប់រំ និងបានលើកឡើងពីសារៈសំខាន់ក្នុងការចាប់យកប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) លើការរៀន និងបង្រៀន ជាពិសេសនៅក្នុងកម្មវិធីសិក្សា និងមុខជំនាញនានា ដោយបានលើកឡើងថា (AI) នឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ជាពិសេសលើវិស័យអប់រំផ្ទាល់ ដូចនេះវិស័យអប់រំ ត្រូវតែត្រៀមខ្លួនរួចរាល់ចំពោះការផ្លាស់ប្តូរដ៏ធំនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស