
TNAOT News
· 05-09
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នឹងអាចស្ដុកទឹកបានប្រមាណជាង ១៦៣លានម៉ែត្រគូបសម្រេចការសាងសង់បាន៩៧%ហើយ
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី#
2915
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានលទ្ធភាពស្ដុកទឹកបានប្រមាណជាង ១៦៣លានម៉ែត្រគូបសម្រេចការសាងសង់បានប្រមាណ ៩៧%។ នេះបើតាមការថ្លែងឲ្យដឹងពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការសាងសង់ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ គម្រោងនេះមានសក្តានុពលស្ដុកទឹកបានប្រមាណ ១៦៣,១លានម៉ែត្រគូប មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤៥០០ហិកតានៅរដូវប្រាំង គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធធ្វើឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការគ្រោងទុក។
សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១.សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ទី២.សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤.សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥.ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦.សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)