TNAOT News

· 05-10

ក្រសួងកសិកម្ម ព្យាយាមចរចាជាមួយភាគីថៃនាំចេញផ្លែល្ពៅ ដែលកំពុងគ្មានទីផ្សារក្នុងខេត្តបាត់ដំបង

#ប្រទេសថៃ# #ក្រសួងកសិកម្ម# #NEW NEWS# #ផ្លែល្ពៅ# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

2848

ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹងការនាំចេញផ្លែល្ពៅក្រៅផ្លូវការទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ នេះបើយោងតាមការបង្ហោះរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើបណ្តាញសង្គមហ្វេសប៊ុក។ ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា «បញ្ហានេះបានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែលនាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម»។ឯកឧត្តមបានបន្តថា «គិតមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ»។

យ៉ាងណាមិញ ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពីវឌ្ឍនភាពជាបន្តបន្ទាប់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស