Cambo-China

· 06-27

បណ្ណាល័យមិត្តភាពកម្ពុជា-ចិន ទី៣ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាតានី ក្នុងក្រុងរុនតាឯកតេជោសែន

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2143

មន្ទីរព័ត៌មានខេត្តសៀមរាបបានឲ្យដឹងថា ស្ថានទូតចិនប្រចាំកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណាល័យមិត្តភាពកម្ពុជា-ចិន ទី៣ នៅសាលាបឋមសិក្សាតានី ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

នាយិកាសាលាបឋមសិក្សាតានី លោកស្រី ហួរ លីណា បានឱ្យដឹងថា ក្រោមកិច្ចគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា គម្រោង«បណ្ណាល័យមិត្តភាពកម្ពុជា-ចិន» ត្រូវបានអនុវត្តដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយបានកែលម្អសោភណភាពទាំងស្រុង រួមជាមួយការបំពាក់សម្ភារនានាបម្រើដល់វិស័យអំណាន។ បន្ថែមពីលើនេះ តាមរយៈគម្រោងកែលម្អនេះ បណ្ណាល័យបានធ្វើទំនើបកម្មសម្ភារនានា ដើម្បីដើរទាន់សម័យកាលឌីជីថល។

អភិបាលរងក្រុងរុនតាឯកតេជោសែន លោក នឹម សុវណ្ណ បានគូសបញ្ជាក់ថា បណ្ណាល័យនេះ មិនត្រឹមបម្រើដល់វិស័យអំណានសម្រាប់សិស្សានុសិស្សចំនួន ២៣៤នាក់ និងគ្រូបង្រៀន៩រូប នៅក្នុងសាលាមួយនេះប៉ុណ្ណោះទេ តែវាថែមទាំងបានក្លាយជាមជ្ឈមណ្ឌលតភ្ជាប់មហាជនក្នុងក្រុងរុនតាឯកតេជោសែន មកអានថែមទៀតផង។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកមានសេចក្តីរំភើបចិត្តយ៉ាងខ្លាំងដែលស្ថានទូតចិនប្រចាំកម្ពុជា រួមជាមួយសង្គមស៊ីវិលនានារបស់ប្រទេសចិន ដូចជាមូលនិធិចិន Peaceland មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍមូលនិធិចិនដើម្បីអភិវឌ្ឍជនបទជាដើម បានចូលរួមនៅក្នុងកិច្ចអភិវឌ្ឍលើគ្រប់វិស័យជាមួយរដ្ឋបាលក្រុងរុនតាឯកតេជោសែន ក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ជាមួយគ្នានេះ លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា ការអប់រំគឺជាគន្លឹះដ៏សំខាន់សម្រាប់អភិវឌ្ឍជាតិ ហើយការវិនិយោគដល់ការអប់រំកុមារតូចជាការបណ្ដុះនូវគ្រាប់ពូជនៃក្ដីសង្ឃឹមដល់ប្រទេសជាតិ។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលគំនិត «បង្រៀនមនុស្សឱ្យចេះស្ទូចត្រី» ហើយប្ដេជ្ញាជំរុញការអភិវឌ្ឍរួមជាមួយប្រទេសទាំងអស់តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាក់ស្តែងការរួមចំណែកដាក់ឱ្យដំណើរការបណ្ណាល័យមិត្តភាពកម្ពុជា-ចិននាថ្ងៃនេះមិនត្រឹមតែជាអគារមួយប៉ុណ្ណោះទេ ថែមទាំងជាគ្រាប់ពូជនៃការលូតលាស់ប្រាជ្ញានៃមិត្តភាពកម្ពុជា-ចិនផងដែរ។

ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្ដីការគណៈរដ្ឋមន្រី្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ ក្រោមកិច្ចគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជាក្នុងការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគម្រោងនានាសម្រាប់បំពេញបាននូវតម្រូវការជាមូលដ្ឋាន ជាក់ស្ដែងបណ្ណាល័យមិត្តភាពកម្ពុជា-ចិននេះជាឧទាហរណ៍បញ្ជាក់ស្រាប់។

ឯកឧត្តមបានបន្តការលើកទឹកចិត្តដល់សិស្សានុសិស្សប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យបានច្រើនជាមួយអំណាននៅបណ្ណាល័យ និងនៅផ្ទះ ហើយឯកឧត្តមក៏បានចែករំលែកបទពិសោធន៍ជាច្រើនលើវិស័យអំណាននេះដើម្បីឱ្យសិស្សបណ្តុះបានទម្លាប់អានពេញមួយជីវិត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)