Cambo-China

· 07-05

ដំណឹងល្អ! ផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2182

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាកម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។

សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។

យ៉ាងណាមិញ ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។

ក្រសួងជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។ មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)