TNAOT News

· 07-05

ក្រសួងពាណិជ្ជកម្ម៖ ពុំមានការយកពន្ធលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមនោះទេ

#អង្ករ និងស្រូវ# #NEW NEWS# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #ព័ត៌មានសង្គម#

2034

ថ្មីៗនេះក្រសួងពាណិជ្ជកម្មបានសង្កេតឃើញថា មានគណនីហ្វេសបុកឈ្មោះ “បងឋាន ទិញស្រូវ” ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវ របស់កម្ពុជាទៅទីផ្សារវៀតណាម ដែលព័ត៌មាននេះបង្កការភ័ន្តច្រឡំ និងជះឥទ្ធិពលអវិជ្ជមានចំពោះអាជីវកម្មស្រូវ របស់ប្រជាកសិករ និងអាជីវករកម្ពុជា ដែលមានអាជីវកម្មនាំចេញស្រូវ និងអង្ករទៅប្រទេសវៀតណាម។

ជុំវិញការផ្សព្វផ្សាយខាងលើនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា យោងតាមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចែងក្នុងប្រការ១ ប្រការ២ និងប្រការ៣ នៃកិច្ចសម្របសម្រួលនេះ នូវបញ្ជីមុខទំនិញត្រូវទទួលបាន ភាពអនុគ្រោះពន្ធនាំចូលពិសេសតាមអត្រាស្មើសូន្យ ដែលក្នុងនោះទំនិញអង្ករត្រូវបានកំណត់កូតានាំចូលទៅវៀតណាមក្នុងឆ្នាំ២០២៥ ស្មើនឹង ៣០ម៉ឺនតោន ហើយភាគីទាំងពីរឯកភាពកំណត់គិតជាមធ្យមភាគសម្រាប់ ២គីឡូក្រាមស្រូវស្មើនឹង ១គីឡូក្រាមអង្ករ។

ទន្ទឹមនឹងនេះ តាមការផ្តល់ព័ត៌មានពីមន្ត្រីពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានបំភ្លឺថាពុំមានការយកពន្ធលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមនោះទេ ដោយផ្អែកទៅលើការអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រសួងពាណិជ្ជកម្មស្នើឲ្យ សាធារណជន ប្រជាកសិករ និងអាជីវករដែលធ្វើការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារវៀតណាម ទទួលជ្រាបជាព័ត៌មាន និងកុំជឿព័ត៌មានមិនពិតដែលបានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)