TNAOT News

· 11-04

ឯកឧត្តមបណ្ឌិត ថោង ខុន៖ ចាត់ទុកព្រឹត្តការការប្រកួតជើងឯក វឌ្ឍនៈ លេជេនស៍ ជាព្រឹត្តការណ៍ទាក់ទាញទេសចរពិភពលោកមកកាន់កម្ពុជា

#ថោង ខុន# #TNAOT SPORT# #សង្គម# #សំអាង វឌ្ឍនៈ# #ព័ត៌មានសង្គម#

2391

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ទៅលើការរៀបចំព្រឹត្តការណ៍ប្រកួតជើងឯក វឌ្ឍនៈ លេជេនស៍ ដែលរៀបចំឡើងដោយក្រុមហ៊ុន Vattanac Golf Resort ចាប់ដៃគូជាមួយ Legends Tour ដែលនឹងធ្វើឱ្យព្រឹត្តការណ៍មួយនេះ ទាក់ទាញអ្នកវាយកូនហ្គោលកម្រិតពិភពលោក មកចូលរួមប្រកួតនៅកម្ពុជា ដែលនេះ គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនា និងដើរលេងកម្សាន្តនៅកម្ពុជា។ 

ថ្លែងឱ្យដឹងនៅក្នុងសន្និសិទ្ធសារព័តមាន ការប្រកួតជើងឯក វឌ្ឍនៈ លេជេនស៍ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានមានប្រសាសន៍ថា ការប្រកួតជើងឯក វឌ្ឍនៈ លេជេនស៍ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលនឹងនាំមកនូវកីឡាករល្បីៗ ក្នុងវិស័យវាយកូនហ្គោលលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជាជាលើកដំបូង។ បេសកកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ គឺតែងចូលរួមលើកតម្កើង និងអបអរសាទរមោទនភាពរបស់ខ្មែរ និងបេតិកភណ្ឌជាតិរបស់កម្ពុជាយើង ស្របពេលដែលបន្តចូលរួមកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ និងមិត្តភាព។ 

អ្នកឧកញ៉ាបានបន្តថា ការប្រកួតជើងឯកនេះ ធ្វើឡើងរួមសហការជាមួយ Legends Tour គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ ព្រមជាមួយទស្សនៈវិស័យដែលព្រឹត្តការណ៍ជើងឯក វឌ្ឍនៈ លេជេនស៍ គឺមានអត្ថន័យលើសពីព្រឹត្តិការណ៍កីឡា។ ជាមួយគ្នានេះដែរ តាមរយៈការប្រកួតជើងឯកវឌ្ឍនៈ លេជេនស៍ គឺមានគោលបំណងបំផុសគំនិត រួបរួម និងបង្ហាញពិភពលោកអំពីឧត្តមភាពរបស់ប្រទេសកម្ពុជា គុណភាពនៃបរិក្ខាររបស់យើង និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។

 យ៉ាងណាមិញ ការប្រកួតជើងឯកនេះនឹងប្រព្រឹត្តទៅនៅលើទីលានខាងកើតនៃ Vattanac Golf Resort ដែលជារមណីយដ្ឋានវាយកូនហ្គោល ដែលទទួលបានពានរង្វាន់អន្តរជាតិច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលរចនាដោយលោក Sir Nick Faldo។

អ្នកឧកញ្ញ៉ា សំអាង វឌ្ឍនៈ បានលើកឡើងថា៖ “ យើងខ្ញុំជឿជាក់ថាការប្រកួតនេះនឹងជំរុញប្រជាជនកម្ពុជាកាន់តែច្រើនឱ្យស្វែងយល់ និងចាប់យកកីឡាហ្គោល ដែលជាកីឡាដែលបណ្តុះវិន័យ ការផ្តោតអារម្មណ៍ និងការគោរពចំពោះគ្នាទៅវិញទៅមក ហើយមកទល់និងពេលនេះ សម្រាប់ទីតាំង និងទីលានសម្រាប់ប្រកួតយើងបានរៀបចំរួចរាល់អស់ហើយ”។

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន ដែលក្រុមហ៊ុន Vattanac Golf Resort បានចាប់ដៃគូជាមួយ Legends Tour និងសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាវាយកូនគោលដ៏ល្បីល្បាញ កម្រិតពិភពលោកជាលើកដំបូងនៅប្រទេសកម្ពុជា ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ចំពោះការប្រកួតព្រឹត្តការណ៍ដ៏អស្ចារ្យនេះ នឹងមានវត្តមានកីឡាករវាយកូនគោលល្បីៗ មកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ និង បុគ្គលមានឥទ្ធិពលជាច្រើនមកចូលរួមប្រកួត ។

ឯកឧត្តមបណ្ឌិតថោង ខុន បានថ្លែងយ៉ាងដូច្នេះថា៖ “ព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះមិន ត្រឹមតែផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា ដែលនឹងមានអ្នកទស្សនារាប់លាននាក់នៅ ទូទាំងពិភពលោកតាមរយៈការផ្សាយនៅលើកញ្ចក់ទូរទស្សន៍កីឡាអន្ដរជាតិធំៗ សារព័ត៌មានកីឡាអន្តរជាតិ បណ្តាញសង្គម និងការទស្សនាដោយផ្ទាល់ផងដែរ។”

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាវាយកូនគោលដ៏ធំនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ការទទួលស្គាល់ជាសកលអំពីការ រៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនៅកម្ពុជា, ផ្សព្វផ្សាយកីឡាទេសចរណ៍បែបប្រកួត, ជំរុញកំណើន សេដ្ឋកិច្ច និងទាក់ទាញវិនិយោគ, លើកស្ទួយវប្បធម៌ និងបដិសណ្ឋារកិច្ច, អភិវឌ្ឍកីឡាវាយកូនគោលកម្ពុជា បង្ហាញអំពីគុណភាពនៃបទពិសោធន៍ដែលមាននៅកម្ពុជា និងផ្សព្វផ្សាយទៅកាន់អ្នកទស្សនារាប់លាននាក់ នៅទូទាំងពិភពលោកផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតវាយកូនហ្គោលកម្រិតពិភពលោក Vattanac Legends Championship នឹងធ្វើឡើងជាផ្លូវការចាប់ពីថ្ងៃសុក្រ ទី២១ ដល់ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ខណៈព្រឹត្តការណ៍មួយនេះ នឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយលក្ខណៈអន្តរជាតិផងដែរ ដែលនឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាចំណុចកណ្តាលនៃពិភពលោកក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍កីឡា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)