TNAOT News

· 11-05

ត្រឹមថ្ងៃដំបូង! ពិព័រណ៍ផលិតផលខ្មែរលើកទី២ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ពលរដ្ឋខ្មែរ

#ប្រទេសកម្ពុជា# #សហគ្រាស# #ផលិតផលខ្មែរ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ពលរដ្ឋខ្មែរ#

2882

ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ ដែលរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសារជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” ដោយមានវត្តមានពីសំណាក់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ ប្រជាពលរដ្ឋ សហគ្រាស ឧស្សហករ និងសិប្បករ មកតាំងបង្ហាញផលិតផលក្នុងស្រុកប្រកបដោយគុណភាព រសជាតិ អនាម័យ ស្របតាមស្តង់ដា ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋកម្ពុជា ដែលជាឱកាសដ៏កម្រ ស្របពេលដែលពលរដ្ឋកម្ពុជាភាគច្រើនស្ទើរតែទូទាំងប្រទេស បាននិងកំពុងធ្វើពហិការលើផលិតផលនាំចូល ឬផលិតចេញពីប្រទេសថៃ ក្រោយពីមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។

ការតាំងពិព័រណ៍ផលិតផលខ្មែរ គឺជាកាលានុវត្តភាពដ៏សំខាន់របស់ឧស្សាហករ សិប្បករ ផលិតករកម្ពុជា ដែលអាចយកឱកាសនេះ ដើម្បីបង្ហាញ ឬបញ្ចេញផលិតផលរបស់ខ្លួន ដែលនឹងផ្ដល់គុណប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាការផ្ដល់ទំនុកចិត្តនានាផ្សេងទៀត។ បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុក ក៏កាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេលដែលប្រជាជនកម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេសផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)