Cambo-China
· 12-03
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1003

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពដ៏ជោគជ័យលើការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាបនិងជីវចម្រុះ»។
សិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ២០២៥ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប រៀបចំដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង ដោយមានការចូលរួមពី លោកជំទាវ អ៊ឹម រចនា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក LU Qizhi នាយកការិយាល័យកុលស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតចិន លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន តំណាងមកពីប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលជលផល សកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងមន្ទីរកសិកម្ម ខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូWWF សរុបអ្នកចូលរួមប្រមាណ៥០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាបង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិឡើងវិញ ព្យាយាមកាត់បន្ថយ អត្រាស្លាប់ឱ្យនៅកំរិតទាបបំផុត។ ជាលទ្ធផល ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះករណីសត្វផ្សោតស្លាប់នៅកម្ពុជាពុំមានកើតឡើយ នេះជាជោគជ័យគួរជាទីមោទនៈ ក្នុងកិច្ចការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ។
សមិទ្ធផលដ៏វិសេសវិសាលនេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ថ្វីត្បិតកម្ពុជាទទួលបានជោគជ័យលើការការពារសត្វផ្សោតនេះក៏ពិតមែន ប៉ុន្តែភាពជោគជ័យនេះមានភាពផុយស្រួយនៅឡើយ។ បើតាមឯកឧត្តមរដ្ឋលេខាធិការ សិក្ខាសាលាចែករំលែកពីបណ្តាប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាឱកាសដែលកម្ពុជាត្រូវសហការ និងរៀនសូត្រពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាបាននូវនិរន្តរភាព នៃភាពជោគជ័យនេះ។ កម្ពុជាក៏ចង់ឃើញភាពជោគជ័យលើការការពារ និងស្តារសត្វផ្សោតនេះនៅបណ្តាប្រទេសក្នុងតំបន់ ក៏ដូចនៅលើសកលលោកផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
យោបល់ទាំងអស់ (0)