TNAOT News
· 12-03
លោកជំទាវ ពេជ ចន្ទមុន្នី៖ ស្ត្រីជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
#NEW NEWS# #លោកជំទាវ ពេជ ចន្ទមុន្នី# #សង្គម# #ព័ត៌មានសង្គម# #សេដ្ឋកិច្ចជាតិ#
2372
លោកជំទាវ ពេជ ចន្ទមុន្នី៖ ស្ត្រីជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
--------------
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា ការលើកកម្ពស់វិស័យធុរកិច្ចរបស់ស្ត្រី គឺជាកត្តាគន្លឹះដែលជួយជំរុញឱ្យសេដ្ឋកិច្ចជាតិមានកំណើនកើនឡើង។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-DC)» នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងខណ្ឌដូនពេញ។
យោងតាមក្រសួងព័ត៌មាន លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង»។ លោកជំទាវបន្ថែមថា ការលេចចេញជារូបរាងនៃមជ្ឈមណ្ឌលថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍសមត្ថភាពស្ត្រី។
គួរឲ្យដឹងដែរថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-DC បង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ដោយផ្តោតលើមុខងារសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី។ ២. កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍសហគ្រិនភាពស្ត្រី។ ៣. ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍។ ៤. ការពង្រីកបណ្តាញ និងតភ្ជាប់ទីផ្សារផលិតផល/សេវាកម្ម ទាំងក្នុងស្រុក តំបន់ និងសកលលោក។
តំណាងសហគ្រិនស្ត្រី បានសម្តែងក្តីរីករាយចំពោះសមិទ្ធផលនេះ ដោយលើកឡើងថា បច្ចុប្បន្នស្ត្រីមានលទ្ធភាពបង្កើតអាជីវកម្ម និងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចបុរស ដែលខុសពីសម័យមុន។ ការមានមជ្ឈមណ្ឌលនេះ នឹងក្លាយជាកន្លែងផ្តល់ប្រយោជន៍ និងជំនួយស្មារតីបន្ថែមទៀតដល់ស្ត្រីក្នុងការរកស៊ី។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាអាទិភាព ដោយចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)