TNAOT News

· 02-08

ជនជាតិព្នងនៅឃុំក្បាលរមាស ស្រុកសេសាន នាំគ្នាអភិរក្សប្រពៃណីសែនស្រូវឡើងជង្រុក

#NEW NEWS# #ជនជាតិភាគតិច# #សង្គម# #ពិធីសែនព្រេន# #ព័ត៌មានសង្គម#

5945

ជនជាតិព្នងនៅឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង នាំគ្នាប្រារព្ធប្រពៃណីសែនស្រូវឡើងជង្រុក ដើម្បីបង្ហាញឲ្យកូនចៅជាអ្នកបន្តវេន ដើម្បីសុំសេចក្តីសុខចម្រើន រស់នៅក្នុងភូមិ។

ក្នុងពិធីប្រារព្ធប្រពៃណីរបស់ជនជាតិព្នង នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ខែកុម្ភៈ លោក សេត កាល់ មេកន្ត្រាញជនជាតិព្នងដឹកនាំអភិរក្សប្រពៃណីបញ្ជាក់ថា ជនជាតិ ព្នង,គ្រឹង,គួយ,កាវែត ,ទំពួន ,ព្រៅ, ខិ, លន់, មិល, ស្ទៀង, ចារាយ, ក្រោល, កាចក់, ព័រ, ខោញ, ថ្មូន, ស្អូច ធ្វើពិធីសែនព្រេន ទៅតាមទំលាប់មានក្របីស ក្របីខ្មៅ នំចំណី មាន់​ ជ្រូក ផ្លែឈើ អាហារ ស្រាពាងទៅតាមទីតាំងរស់នៅរៀងៗខ្លួន។លោកបន្តថា ការអភិរក្សទំនៀមទំលាប់នេះបងប្អូនជនជាតិព្នង បានប្រមូលផ្តុំគ្នារៀបចំធ្វើទីតាំង អាស្រមអ្នកតា ធ្វើពិធីសែនព្រេន ម្ចាស់ទឹកម្ចាស់ដី សុំឲ្យបារមី ផ្តល់សេចក្តីសុខចម្រើន និងបានបង្ហាញពីរបៀបរបបនៃការរស់នៅប្រចាំថ្ងៃ ឲ្យកូនចៅជំនាន់ក្រោយគោរពប្រតិបត្តិតាម។

លោក ជ្រូង ញ៉ុង ជនជាតិព្នងនៅឃុំក្បាលរមាស បានលើកឡើងថា ប្រពៃណីនេះចាស់ទុំជនជាតិបានដឹកនាំកូនចៅឲ្យរួមគ្នាអនុវត្តតាម ដើម្បីបង្ហាញការដឹងគុណដល់ដូនតា ហើយការរស់នៅតាមគ្រួសារនីមួយៗត្រូវដឹងគុណចំពោះឪពុកម្តាយ។ ម៉្យាងទៀត នៅក្នុងសង្គម កូនចៅត្រូវគោរពចាស់ទុំ ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រូបង្រៀន ដើម្បីធ្វើជាពលរដ្ឋល្អ ទោះបីថា បងប្អូនជនជាតិមានអម្បូរខុសគ្នាយ៉ាងណាក៍ដោយ។លោក ប៉ែន សុបុល មេឃុំ ក្បាលរមាស បានសាទរចំពោះការយល់ដឹងនេះ ខណៈបងប្អូនជនជាតិ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងរៀបចំតំបន់រស់នៅប្រកបដោយភាពសុខដុមរម្យនាស្ថិននៅក្រោមដំបូលសុខសន្តិភាពដោយគ្មានការរើសអើងអ្វីឡើយ។ លោកសំណូមពរឲ្យបងប្អូនជនជាតិទាំងអស់ត្រូវ បន្តបង្កើនការសាមគ្គីភាពគ្នា ឲ្យកាន់តែល្អជាងនេះដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរស់នៅឲ្យកាន់តែរីកចម្រើនឡើងទៀត ព្រោះបច្ចុប្បន្នអាជ្ញាធរស្រុក ខេត្ត បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វបែបយ៉ាង នៅក្នុងមូលដ្ឋាន មានទាំងសាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្លូវ ទឹក ភ្លើង ជាដើម។គួរឲ្យដឹងដែរថា បងប្អូនជនជាតិបាននាំគ្នាធ្វើពិធីសែនព្រេនអភិរក្សប្រពៃណីជារៀងរាល់ឆ្នាំ ទៅតាមទំលាប់ ដូចជាសែនស្រូវឡើងជង្រុក ដឹងគុណព្រះមេរុ៍ ទុកដាក់ភោគផលឲ្យគង់វង្ស សែនអ្នកតាភ្នំសុំឲ្យមានសេចក្តីសុខចម្រើន សែនប្រយុងស្រែសូមឲ្យគ្រប់ពូជដាក់ចុះដុះឡើង និងសែនដូនតាក្នុងភូមិឲ្យកូនចៅរស់នៅសម្បូរសប្បាយ ដើម្បីឲ្យកូនចៅជំនាន់ក្រោយឃើញនាំគ្នាបន្តវេនប្រតិបត្តិតាមតរៀងទៅ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស